ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ
ឧកញ៉ា សុខ ប៊ុន ដែលធ្លាប់ជាប់ពន្ធនាគារ និងមន្ត្រីអាជ្ញាធរ កោះរ៉ុង៥នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាំខ្លួនមកកាត់ទោសពាក់ព័ន្ធនឹងការក្លែងឯកសារ ដើម្បីបន្លំយកដីទំហំជាង៥០០ហិកតានៅកោះរ៉ុង ខេត្តព្រះសីហនុ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ដែលជាតំណាងអយ្យការក្នុងសវនាការ និងជាអ្នកនាំពាក្យអយ្យការ បានថ្លែងថា មានជនជាប់ចោទចំនួន៦នាក់ ត្រូវបាន កាត់ទោសព័ន្ធនឹងរឿងដីធ្លី នៅកោះរ៉ុង។ ជនត្រូវចោទ ទាំង៦នាក់ រួមមាន ១. ឧកញ៉ា សុខ ប៊ុន ២.ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សា សង្កាត់កោះរ៉ុង ៣. ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះ រ៉ុ ង ៤. ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សា សង្កាត់កោះរ៉ុង ៥. ឈ្មោះ កែវ សោម ចៅសង្កាត់រងទី២នៃ សង្កាត់កោះរ៉ុង និង៦. ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង។
បើតាមសេចក្ដីចោទប្រកាន់របស់តុលាការ ឧកញ៉ា សុខ ប៊ុន ត្រូវបានចោទពីបទក្លែងបន្លំ ឯកសារ សាធារណៈប្រើប្រាស់ឯកសារ សាធារណៈក្លែងផ្តើមគំនិត ក្នុងអំពើបំផ្លាញដោយចេតនា និងគៃ បំបាត់ ដោយទុច្ចរិតប្រព្រឹត្ត នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុង ឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩ តាមបញ្ញត្តិមាត្រា ៦២៩, ៦៣០ និង ២៨ (៦០១) នៃក្រមព្រហ្មទណ្ឌ។
២. ឈ្មោះ អ៊ុង និត ត្រូវបានចោទប្រកាន់ ពីបទបំផ្លាញ ដោយចេតនានិងគៃបំបាត់ ដោយទុច្ចរិត នីតិក្រមក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ តាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ។ ៣. ឈ្មោះ សេង ហូលា ង, ឈ្មោះ ហែម សាឡេះ, ឈ្មោះ កែវ សោម, និងឈ្មោះ កែវ ពៅ ត្រូវបានចោទ ពីបទបំផ្លាញដោយចេតនា និងគៃ បំបាត់ដោយទុច្ចរិតក្លែងបន្លំ ឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែង តាម បញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ។
ក្នុងសវនាការថ្ងៃទី១នេះ តុលាការបានសាកសួរតែទៅលើឈ្មោះ អ៊ុង និត ជាប្រធានក្រុមប្រឹក្សាកោះរ៉ុង តែម្នាក់ប៉ុណ្ណោះ ដែលជាប់ចោទច្រើនបទល្មើសពាក់ព័ន្ធនិងការក្លែងបន្លំឯកសា រដើម្បីរំលោភយកដីរដ្ឋ ហើយដោយសារអស់ម៉ោងរដ្ឋបាល លោកចៅក្រមសេង រិទ្ធីបានលើកពេលបន្តសវនាការនៅថ្ងៃទី ០៣កក្កដា ឆ្នាំ២០២០ខាងមុខទៀត។
ក្នុងរឿងក្ដីដ៏ចម្រូងចម្រាសនេះ កាលពីកន្លងទៅលោកឧកញ៉ា សុខ ប៊ុន បានយកឯកសារផ្ទេរសិទ្ធិកាន់ កាប់អចលនទ្រព្យមួយច្បាប់ទៅ ឲ្យអាជ្ញាធរភូមិសង្កាត់ ដើម្បីចុះហត្ថលេខាទទួលស្គាល់តាមផ្លូវច្បាប់ ដោយក្នុងឯកសារនោះបញ្ជាក់ថា ដីទំហំជាង ៥០០ ហិកតា ជារបស់លោក សុខ ប៊ុន ដែលបានមកពីការទិញពី បុរសម្នាក់ ឈ្មោះ ម៉ា ស៊ី ជាអ្នករស់នៅក្នុងភូមិព្រៃស្វាយ សង្កាត់កោះរ៉ុង នេះតាំងពីឆ្នាំ២០០២។ ប៉ុន្តែ អាជ្ញាធរ ភូមិ-សង្កាត់ ចាត់ទុក ឯកសារ នោះ ជាឯកសារមិនប្រក្រតី និងបដិសេធ ការចុះហត្ថលេខាទទួលស្គាល់ លើឯកសារនោះ។
ពលរដ្ឋម្នាក់ ឈ្មោះ ហាន សុខខៃ អះអាងថា អ្នកស្រីនិងពលរដ្ឋជាង៤០គ្រួសារផ្សេងទៀត បានរស់នៅលើដីនោះ តាំងពីឆ្នាំ២០១២ ប៉ុន្តែកាលពីពាក់កណ្ដាលឆ្នាំមុន លោក សុខ ប៊ុន និងបក្ខពួក បានចុះទៅវាស់វែងដីនោះម្ដង។ ទោះយ៉ាងណាការវាស់វែង មិនបានសម្រេចទេ ដោយសារ ពលរដ្ឋបានរារាំង។ អ្នកស្រី សុខខៃ បានបន្តថា ៖ « ប្រមុខរដ្ឋាភិបាល បានផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី ស្របច្បាប់ ជាលក្ខណៈប្រព័ន្ធដល់គ្រួសារខ្ញុំ និងប្រជាពលរដ្ឋជាង៤០គ្រួសារទៀត នៅទីនេះតាំង ពីឆ្នាំ២០១៥ មកម្ល៉េះ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជា លោកឧកញ៉ានោះ គាត់ហ៊ានធ្វើឯកសារ ក្លែងបន្លំគ្របដណ្ដប់យកដីយើងខ្ញុំបែបនេះ»។
គួររំឭកផងដែរ លោក សុខ ប៊ុន ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំម្ដងរួចមក ហើយ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែឲ្យអនុវត្តទោសតែ១០ខែពាក់ព័ន្ធនឹងហិង្សាទៅលើពិធី ការិនីទូរទស្សន៍ ឯក សុជាតា ហៅសាសា កាលពីខែកក្កដា ឆ្នាំ២០១៥។ ក្រោយចេញពីពន្ធនាគារបានប៉ុន្មានឆ្នាំ ក៏មានបញ្ហាក្លែងឯកសារ រំលោភយកដីរដ្ឋទៀត ទើបត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបញ្ជូនឲ្យតុលាការឃុំខ្លួនរហូតមកដល់ថ្ងៃកាត់ទោសនេះ៕