ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក ដាញ់ សារី ព្រួសឈាមដាក់ចៅហ្វាយខែត្រចាស់ពីរឿងលួចចេញប្លង់រឹងលើដីអាងទឹកដងទង់ឱ្យទៅលោក សេង សម្បត្តិ ខណៈពេលកំពុងមានជម្លោះ
Tue,02 November 2021 (Time 03:41 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 192នាក់)

ភ្នំពេញៈ អំពើពុករលួយនាំគ្នាលួចលក់ «ដីអាងទឹកដងទង់» ទីអាស្រ័យផលរបស់ប្រជាពលរដ្ឋស្ដែងចេញកាន់តែច្បាស់ឡើងលក្ខណៈជាប្រព័ន្ធ ប៉ុន្តែវាបានភ្លាត់ស្នៀតនៃការប្រគល់លុយរាប់ម៉ឺនដុល្លារពីសំណាក់ ប្រធានក្រុមហ៊ុនសេង សម្បត្តិ ទៅឱ្យមេចំណែក រហស្សនាម «សេះស» នាយករដ្ឋបាលខែត្រកំពត យកទៅចែកគ្នា។ យ៉ាងណាមិញលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រកំពត ជាមនុស្សជាប់ពាក់ព័ន្ធម្នាក់ដែរ បានលួចចេញ«វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ហៅថា «ប្លង់រឹង» លេខ ០៧០៥០៦០១-១១៥៦ ស្ថិតនៅខែត្រកំពត ស្រុកដងទង់ ឃុំស្រែជាខាងជើង ភូមិសុភី លើដីទំហំជាង១០ហិកតា នឹងកែប្រែ «ដីកសិកម្ម» ទៅជា«ដីសាងសង់អគារ» ដើម្បីបំពេញមហិច្ឆិតាលោក សេង សម្បត្តិ កាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ដោយមើលឃើញលុយដុល្លារជាធំ ក្រុមអាជ្ញាធរចាប់តាំងពីភូមិឃុំស្រុកដល់ខែត្រ ជាពិសេសមន្ទីរជំនាញដីធ្លីខែត្រ គឺបាននាំគ្នាមើលតែរបាយការណ៍ ឬលិខិតភូតភរកុហករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ ប៉ុន្តែពុំខ្វល់ពីទុក្ខលំបាក ឬយកភ្នែកមើលពាក្យបណ្ដឹងរបស់ពលរដ្ឋរងគ្រោះដីធ្លីឡើយ។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី ខែត្រកំពត នៅពេលដឹងថា បែកការណ៍ខណៈខ្លួនលួចចេញប្លង់រឹងឱ្យទៅលោក សេង សម្បត្តិ នៅលើដីកំពុងតែមានទំនាស់ជាពិសេស ក្រុមហ៊ុនពុំទាន់បានប្រគល់លុយឱ្យពលរដ្ឋម្ចាស់ដីគ្រប់ចំនួននៅឡើយ។ តែឥឡូវនេះលោកភ័យខ្លួនក៍បានទម្លាក់កំហុសស្មើនឹងព្រួសឈាមដាក់អតីតអភិបាលខែត្រកំពត លោក ជាវ តាវ ថាជាអ្នកយល់ព្រមទើបខាងមន្ទីរលោកហ៊ានចេញប្លង់រឹងលើ«ដីអាងទឹកដងទង់» កំពុងតែមានជម្លោះនោះឱ្យទៅលោក សេង សម្បត្តិ។ ហើយនៅពេលឃើញអង្ករក្លាយទៅជាបាយ លោកប្រធានមន្ទីរដ៏មហិមា ក៍បានរុញរឿងនេះឱ្យពលរដ្ឋប្ដឹងទៅតុលាការទៅវិញ។


ក្រុមហ៊ុន សេង សម្បត្តិ ដែលល្បីខាងធ្វើនំឥតម្សៅនេះជាយូរឆ្នាំមកហើយដូចជាធ្លាប់ធ្វើស៊ីនៅ ខែត្រកំពង់ស្ពឺ ជាដើម។ ប៉ុន្តែក្បាច់ដដែលនេះបានទៅធ្វើស៊ីដល់ ស្រុកដងទង់បន្តទៀត គឺតាមរយៈទិញដីពលរដ្ឋផ្ដល់ប្រាក់កក់បន្តិចបន្តួចរួចហើយគប់គិតគ្នាពុករលួយជាមួយអាជ្ញាធរលួចធ្វើប្លង់រឹងគ្របលើដីពលរដ្ឋដែលមិនទាន់ឱ្ យលុយគ្រប់ចំនួន។ មិនត្រឹមតែប៉ុណ្ណោះមានពលរដ្ឋខ្លះបានដាក់ពាក្យប្ដឹងទាស់រួចហើយក្ដី ក៍មន្ទីររៀបចំដែនដីខែត្រ នៅតែចេញប្លង់រឹងឱ្យលោក សេង សម្បត្តិ បានដដែល។

យោងតាមប្រភពពីប្រជាពលរដ្ឋរងគ្រោះដីធ្លីខាងលើបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះថា ក្នុងចំណោមប្រជាពលរដ្ឋ១៩គ្រួសារ ដែលបានយល់ព្រមលក់ដីឱ្យក្រុមហ៊ុន សេង សម្បត្តិនោះ មានតែ៥គ្រួសារប៉ុណ្ណោះបានទទួលលុយគ្រប់ចំនួនពីក្រុមហ៊ុន។ រីឯពួកគាត់១៤គ្រួសារទៀតបានទទួលប្រាក់កក់ ប្រហែល ៤០ភាគរយប៉ុណ្ណោះ។

កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ភូមិបាលស្រុកដងទង់ បានបិទសេចក្ដីប្រកាសផ្សព្វផ្សាយក្បាលដីដើម្បីធ្វើប្លង់រឹងឱ្យក្រុមហ៊ុននៅសាលា ឃុំស្រែជាខាងជើង និងនៅផ្ទះលោកស្រី ញ៉យ ផល្លី នោះមានពលរដ្ឋធ្វើការតវ៉ាប្ដឹងទាស់ទាន់ពេលវេលាយ៉ាងតិច៤គ្រួសារដើម្បីរារាំងមិនឱ្យក្រុមហ៊ុនធ្វើប្លង់រឹងលើដីកំពុងមានទំនាស់។ ចំណែកអាជ្ញាធរបានបិទសេចក្ដីប្រកាសនោះគឺចំថ្ងៃ«ឡុកដោន» គឺបិទប្រទេសកកម្ពុជាបណ្ដោះអាសន្ន ពេលដែលឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះសេចក្ដីប្រកាសនោះត្រូវគេលួចហែកចោលអស់ខណៈបិទបានរយៈពេលតែបីថ្ងៃ ។

ជុំវិញភាពមិនប្រក្រតី នៃការចេញប្លង់រឹងនោះលោក ប៉ែន ថាន អាយុ៤៩ឆ្នាំរស់នៅ ភូមិធំថ្មី ឃុំ និង ស្រុកដងទង់ កាន់អត្តសញ្ញាណបណ្ណលេខ១១០២១៨០០៩ បានដាក់ពាក្យបណ្ដឹងទៅ នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកដងទង់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដោយមានការទទួលស្គាល់ដឹងឮពីលោកមេឃុំស្រែជាខាងជើង។

លោក ប៉ែន ថាន បានលើកឡើងនៅក្នុងកម្មវត្ថុថា «សូមធ្វើការប្ដឹងតវ៉ាចំពោះក្បាលដីមួយកន្លែងស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត។ មូលហេតុ ក្រុមហ៊ុនកាយដីចាក់បំពានលើទីតាំងដីរបស់ខ្ញុំបាទ ដែលមានទីតាំងស្ថិតនៅ ទំនប់អាងទឹកផ្នែកខាងត្បូង (អាងទឹកខាងត្បូងសាលា ស្រុកដងទង់) មានទំហំ៣០ម៉ែត្រគុណនឹង១៥០ម៉ែត្រ»។



ចំណែកពលរដ្ឋរងគ្រោះដីធ្លីម្នាក់ទៀត គឺលោក មាស ជីន អាយុ៦៥ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ១១០៥៩៧៤៣៦ រស់នៅ ភូមិធំថ្មី ឃុំ និង ស្រុកដងទង់ បានដាក់ពាក្យប្ដឹងទាស់ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គឺចំថ្ងៃបិទប្រកាសផ្សព្វផ្សាយក្បាលដីបម្រុងចេញប្លង់រឹងឱ្យក្រុមហ៊ុន។ នៅក្នុងកម្មវត្ថុនៃពាក្យបណ្ដឹងលោក មាស ជីន បានបញ្ជាក់ថា «សូមប្ដឹងតវ៉ាជំទាស់មិនឱ្យចេញប្លង់រឹងនៅ ដីអាងទឹករបស់រដ្ឋ ដែលក្រុមហ៊ុនឯកជនបានទិញដោយមានដីខ្ញុំនៅខាងមុខកំពុងរស់នៅ ដែលមានបណ្ដោយ៥៥ម៉ែត្រ ទទឹង៣០ម៉ែត្រ នៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត (សូមបញ្ជាក់ទើបកាត់ចូលពីមុន ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខែត្រកំពត) ដែលបានចូលដីរូបខ្ញុំបាទ ហើយរូបខ្ញុំពីមុនសុំធ្វើប្លង់គេអត់ធ្វើឱ្យទេ គេថាត្រាចៅហ្វាយស្រុកពីមុនមិនមានប្រយោជន៍ ហើយគប់គិតគ្នាធ្វើប្លង់ដីអាងទឹករដ្ឋ បាន! បើគេធ្វើបានហេតុអ្វីក៍រូបខ្ញុំធ្វើប្លង់មិនបាន ? សូមមេត្តាបំភ្លឺ និងរកយុត្តិធម៌ ឱ្យរូបខ្ញុំបាទផង»។

បើយើងក្រឡេកទៅមើលប្រជាពលរដ្ឋ១៩គ្រួសារ ដែលកំពុងចាញ់បោកក្រុមហ៊ុននេះវិញ ពិតជាគួរឱ្យអាសូរត្រូវគេយកធ្វើជាខែលបាំងមុខ និងជាចំណាប់ខ្មាំង ដើម្បីចេញមុខតតាំងឈ្លោះជាមួយពលរដ្ឋ៤គ្រួសារទៀតជាគ្នាឯងដែលមិនបានទទួលលុយពីក្រុមហ៊ុន សូម្បីតែមួយរៀល។

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានកំណត់ហេតុមួយដែលលោក ស៊ុ រិទ្ធី ធ្វើជាតំណាងឱ្យក្រុមហ៊ុន សេង សម្បត្តិ បានស្នើសុំទៅប្រជាពលរដ្ឋចំនួនពីរចំណុច។ ទីមួយ ស្នើសុំឱ្យប្រជាពលរដ្ឋជួយការពារ និងដោះស្រាយពេលដែលក្រុមហ៊ុនចាក់ដី។ ទីពីរ ពេលចាក់ដីហើយរួចរាល់ដោយគ្មានទំនាស់ក្រុមហ៊ុននឹងប្រគល់លុយជូនប្រជាពលរដ្ឋគ្រប់ចំនួន។ នៅក្នុងកំណត់ហេតុនោះ មានតំណាងពលរដ្ឋយ៉ាងតិច៦នាក់បានឯកភាពតាមសំណើរបស់ក្រុមហ៊ុន​​​ដែលបានស្នើសុំ​ ហើយមានទាំងផ្ដិតមេដៃយល់ព្រមថែមទៀតផង។


លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រកំពត បានឆ្លើយយករួចខ្លួនឬដោះសារតាម ប្រព័ន្ធតេឡេក្រាម ប្រាប់អ្នកកាសែតថា មន្ទីររបស់លោកគ្មានសិទ្ធិចេញបណ្ណកម្មសិទ្ធិបានទេបើអភិបាល ខែត្រកំពត (លោក ជាវ តាយ) មិនយល់ព្រម។ មន្ទីរជាអង្គភាពជំនាញសូមលោក (កាសែត) ស្វែងយល់ពីនីតីវិធីច្បាប់ នៃអនុក្រឹត្យលេខ៤៨ និង៤៦ ស្ដីពីការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ។ លោកគិតថា «ខ្ញុំបារម្ភណាស់នៅពេលប្រជាពលរដ្ឋមិនយល់ពីនីតិវិធីច្បាប់ ព្រោះខ្ញុំចំណាយពេលរាប់ឆ្នាំបានយល់នីតិវិធី តែបងប្អូនមិនបានយល់»។

ទាក់ទងការចេញប្លង់រឹងឱ្យលោក សេង សម្បត្តិ ដោយមានភាពមិនប្រក្រតីនោះ ប្រធានមន្ទីររៀបចំដែនដី លើកឡើងទៀតថា ការងារនេះវាអាស្រ័យលើកិច្ចសន្យា មន្ទីររបស់លោកមិនពិនិត្យករណីនេះទេ សំខាន់មេដៃ។ ការងារនេះស្ថិតក្រោមក្រមរដ្ឋប្បវេណី អំពីការរំលោភកិច្ចសន្យាអាចប្ដឹងបាន…។

រីឯរឿងអ្នកលួចលក់ ដីអាងទឹកដងទង់ លោក ម៉ៅ ធនិន អភិបាលខែត្រ ទើបចូលកាន់តំណែងថ្មី បានប្រកាសជាសាធារណៈប្រាប់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ នៅស្រុកដងទង់ កាលពីថ្ងៃទី២៤ ខែតុលា នោះថា ចំពោះលិខិតស្នាមទិញលក់ ដីអាងទឹកដងទង់ នាពេលកន្លងមក លោកនឹងបើកការស៊ើបអង្គេតទៅតាមផ្លូវច្បាប់បន្តទៀត ហើយបើសិនជាមានអ្នកធ្វើខុស នឹងមានវិធានការរដ្ឋបាល។ រាល់ការទិញលក់ដីអាងទឹកនេះមានលក្ខណៈខុសច្បាប់ទាំងអស់។

អភិបាលខែត្រដែលមានគុណធម៌សម្រាប់អ្នករង់គ្រោះបន្តថា មិនមែនយើងមានលុយធ្វើអ្វីៗបានតែទាំងអស់ឯណា? ការអភិវឌ្ឍន៍គឺតម្រូវសួរសុខទុក្ខលើប្រជាពលរដ្ឋជាមុនសិន។ បើសិនក្រុមហ៊ុនចង់វិនិយោគត្រូវសួរចិត្តបងប្អូនយើងសិន បើគាត់យល់ព្រមចាំធ្វើ។ អ្នកណាធ្វើរបងលើដីគេរុះចេញវិញ…ហើយដីគេមានប៉ុន្មានវាស់យកវិញប៉ុណ្ណឹង។ ក្រុមហ៊ុនទិញដីបានប៉ុន្មានយកវិញ…ហើយក្រុមហ៊ុនមានសិទ្ធិត្រឹមតែ «អាស្រ័យផល» បើចង់វិនិយោគសាងសង់ត្រូវធ្វើលិខិតបញ្ជាក់តាមផ្លូវច្បាប់។


ម្ចាស់ក្រុមហ៊ុន សេង សម្បត្ដិ ធ្លាប់បានលើកឡើងយករួចខ្លួនថា ប្រជាពលរដ្ឋ១៩គ្រួសារនោះលោកបានឱ្យលុយគ្រប់ចំនួនអស់ហើយ។ ប៉ុន្តែពលរដ្ឋដែលនៅសេសសល់៤គ្រួសារទៀតនោះពុំមានដីជាក់ស្ដែងទេ។ លោកអស់លទ្ធភាពនឹងដោះស្រាយហើយ ព្រោះពួកគាត់ទារលុយថ្លៃច្រើនពេក។ ពួកគាត់គ្មានដីពិតប្រាកដ និងគ្មានឯកសារឡើយ។

បើទោះបីជា មន្ទីររៀបចំដែនដីខែត្រ ចេញប្លង់រឹងឱ្យទៅលោក សេង សម្បត្តិ រួចហើយក្តី ក៍ប៉ុន្តែពលរដ្ឋនៅមានសិទ្ធិដាក់ពាក្យស្នើសុំមោឃភាពប្លង់នេះទៅអភិបាលខែត្រ។ ក្រុមហ៊ុន សេង សម្បត្តិ នៅមានចំណុចខ្សោយពីរទៀតដែលត្រូវជាប់អន្ទាក់អភិបាលខែត្រទើបឡើងកាន់តំណែងថ្មី គឺសុំច្បាប់សាងសង់ និងអភិវឌ្ឍន៍ត្រូវឆ្លងកាត់ខែត្រកំពតសិន មុននឹងទៅដល់ក្រសួងរៀបចំដែនដី។ តែបើអភិបាលខែត្រមើលឃើញថា ដីនេះកំពុងតែមានជំនាស់ដូចសព្វថ្ងៃអីចឹងគឺប្រាកដជាពិបាកហើយ…។


គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការលួចលក់«ដីអាងទឹកដងទង់» ខាងលើនេះ មានរូបថតមេចំណែកលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាល ខែត្រកំពត ទទួលលុយពីថៅកែក្រុមហ៊ុន សេង សម្បត្តិ រាប់ម៉ឺនដុល្លារ និងមានលិខិតស្នាមផ្ដិតមេដៃទទួលលុយថែមទៀតផង។ ហើយអ្នកដែលជាប់ពាក់ព័ន្ធនឹងការលួចលក់អាងទឹកនេះ រួមមានលោក វ៉ិត វឌ្ឍនា រហស្សនាម«សេះស» លោក ប៉ិល កុសល អភិបាលរងខែត្រ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខែត្រ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខែត្រ និងមានមន្ត្រីស្រុកឃុំភូមិថែមទៀតផង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
223 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1996 នាក់
ខែនេះ :
12712 នាក់
3 ខែនេះ :
40078 នាក់
សរុប :
1646822 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ