សៀមរាបៈ អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បានតម្រូវឲ្យមេភូមិម្នាក់សារភាពកំហុស និងផាកពិន័យមនុស្ស ១០ នាក់ផ្សេងទៀតជាទឹកប្រាក់ចំនួន ១២ លានរៀល ដោយទុកពេលឲ្យយកលុយមកបង់ពិន័យត្រឹមថ្ងៃទី ២២ ខែកុម្ភៈនេះ បន្ទាប់ពីពួកគេជាប់ពាក់ព័ន្ធការកាប់ព្រៃលិចទឹកទន្ទ្រានយកដីរដ្ឋខុសច្បាប់នៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។លោក ឃឹម ហ្វីណង់ ប្រាប់TNCពីថ្ងៃទី ១៧ ខែកុម្ភៈ ថា លោកបានតម្រូវឲ្យមេភូមិស្គន់ម្នាក់ឈ្មោះ ឃី សុខុម សរសេរលិខិតទទួលស្គាល់ និងសារភាពកំហុសជុំវិញការមិនព្រមរាយការណ៍ពីបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក ៦ ហិកតា នៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រីដោយមេភូមិរូបនោះបានបិទបាំងព័ត៌មានពីមូលដ្ឋានគាត់។លោកថា ចំពោះមនុស្ស ១០ នាក់ផ្សេងទៀត ដែលជាអ្នកលួចចូលកាប់ទន្ទ្រានដីព្រៃលិចទឹកនោះត្រូវបានតម្រូវឲ្យចុះកិច្ចសន្យាបញ្ឈប់សកម្មភាពកាប់ទន្ទ្រាន និងប្រគល់ដីដែលកាប់ទន្ទ្រានបាននោះមកឲ្យរដ្ឋវិញ។ លើសពីនេះអ្នកទាំង ១០ នាក់ត្រូវតែបង់ពិន័យការខូចខាតព្រៃឈើចំនួន ១២ លានរៀល ដែលជាចំនួនកំណត់ដោយច្បាប់រដ្ឋបាលព្រៃឈើ។យ៉ាងយូរបំផុតក្នុងរយៈពេល ១ សប្តាហ៍ (ត្រឹមថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០២០) ដើម្បីយកមកប្រគល់ជូនសហគមន៍នៅភូមិស្គន់ ធ្វើការដាំ និងស្តារព្រៃលិចទឹកដែលបានកាប់បំផ្លាញនេះឡើងវិញ។ លោកថាពលរដ្ឋទាំង ១០ នាក់ ដែលតម្រូវឲ្យបង់ថ្លៃផាកពិន័យគឺពួកគេព្រមទទួលយកការផាកពិន័យនេះ។លោក ហ្វីណង់ បញ្ជាក់ថា៖ «អ្នកមានទោសកំហុសមុនគេគឺមន្ត្រីនៅក្នុងភូមិស្គន់គឺខុសដោយសារមិនបានរាយការណ៍។ ខុសដោយឆ្លើយថាមិនដឹង ទោះបីជាបទល្មើសនេះបានកើតឡើងជាង ១ សប្តាហ៍នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង និងមានទ្រង់ទ្រាយធំនៅក្នុងភូមិ។ រហូតដល់អ្នកភូមិអស់ជំនឿចិត្ត ទើបសម្រេចចិត្តរាយការណ៍ដោយផ្ទាល់មកខ្ញុំ»។លោកបន្ថែមថា៖ «ខ្ញុំបានតម្រូវឲ្យមេភូមិចេញលិខិតទទួលស្គាល់ទោសកំហុសរបស់ខ្លួនចំពោះការដែលមិនបានបំពេញតួនាទីការងារឲ្យបានត្រឹមត្រូវ។ លិខិតនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមប្រឹក្សាឃុំត្រួតពិនិត្យតួនាទីរបស់គាត់ឡើងវិញតាមនីតិវិធីច្បាប់ប្រសិនបើបន្តមានទោសកំហុសផ្សេងៗទៀតនៅថ្ងៃខាងមុខ»។លោក ហ្វីណង់ សរសេរលើហ្វេសប៊ុកថ្ងៃទី ១៥ កុម្ភៈ ថា ចំណាត់ការនេះ ធ្វើឡើងដោយមានការថ្លឹងថ្លែង និងយោគយល់ខ្ពស់បំផុត ហើយចាត់ទុកជាការជូនដំណឹងលើកទី ១ និងលើកចុងក្រោយផងដែរ។ រាល់បទល្មើស ក្រោយៗនៅក្នុងស្រុកបន្ទាយស្រីចាប់ពីថ្ងៃនេះទៅរដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត មិនថាចំពោះប្រជាពលរដ្ឋប្រព្រឹត្តបទល្មើស ឬចំពោះមន្ត្រីពាក់ព័ន្ធឡើយ។លោក ឃី សុខុម មេភូមិស្គន់ឲ្យដឹងនៅថ្ងៃទី ១២ កុម្ភៈ ថាលោកសុំឲ្យអភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ អនុគ្រោះចំពោះកំហុសឆ្គងដែលមានតួនាទីជាមេភូមិស្គន់ ក្នុងកង្វះខាតការទទួលខុសត្រូវបម្រើការងារជូនប្រជាពលរដ្ឋក្នុងភូមិកន្លងមក។ លោកថា ជាក់ស្ដែងកាលពីដើមខែកុម្ភៈ លោកបានបណ្ដោយឲ្យឈ្មោះ ខាំ ហឿន និងបក្ខពួក លួចចូលទៅកាប់ទន្ទ្រានព្រៃលិចទឹករំលោភយកដីធ្លីខុសច្បាប់ និងប៉ះពាល់ព្រៃឈើធម្មជាតិ ដែលជាប្រភពធនធានធម្មជាតិដ៏សំខាន់របស់ស្រុកបន្ទាយស្រី។លោកថា៖ «ខ្ញុំបាទមានកំហុសផ្ទាល់ខ្លួនដោយពុំបានរាយការណ៍ពីសកម្មភាពដែលឈ្មោះ ខាំ ហឿន លួចចូលកាប់ព្រៃលិចទឹកជូនលោកមេឃុំត្បែងបានទាន់ពេលវេលា ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស។ ខ្ញុំសូមទទួលកំហុសសារភាពទាំងស្រុងដែលខ្ញុំខ្វះខាតការយកចិត្តទុកដាក់ត្រួតពិនិត្យតាមដានសកម្មភាពកើតឡើងនេះ ហើយចាប់ពីថ្ងៃនេះទៅ ខ្ញុំសន្យារាយការណ៍ពីបទល្មើសនានា គោរពច្បាប់ និងបម្រើរាស្ត្រដោយមានការទទួលខុសត្រូវខ្ពស់»។លោក ចាន់ ចំរើន មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគម (អាដហុក) ប្រចាំខេត្តសៀមរាបថ្លែងថា មន្ត្រីមានសិទ្ធិអនុវត្តច្បាប់ទៅលើជនខិលខូចទាំងឡាយណាដែលរំលោភច្បាប់ ប៉ុន្ដែលោកជំរុញឲ្យមានការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌។លោកបន្តថានៅខេត្តសៀមរាបទាំងមូល គេសង្កេតឃើញមានការរំលោភដីធ្លីជាច្រើនករណី ហើយក្នុងនោះអ្នកដែលជាប់ពាក់ព័ន្ធភាគច្រើនជាមន្ត្រីមានអំណាច និងអ្នកមានលុយច្រើន រីឯពលរដ្ឋមានចំនួនតិចតួចប៉ុណ្ណោះ។ ដូច្នេះ អាជ្ញាធរអនុវត្តច្បាប់ឲ្យស្មើគ្នាពោលគឺទាំងរាស្ត្រ និងមន្ត្រី ប្រើច្បាប់តែមួយដោយចៀសវាងការប្រើប្រាស់ច្បាប់ស្ដង់ដា ២។លោកថ្លែងថា៖ «ខ្ញុំពេញចិត្តការអនុវត្តច្បាប់នេះ ហើយនៅស្រុក ឬខេត្តផ្សេងៗទៀតគួរតែរៀនសូត្រតាម។ លើសពីនេះទៀតគឺមិនមែនមានតែមេភូមិម្នាក់ទេ គឺនៅខេត្តសៀមរាបក៏មានអ្នកមានអំណាចទៅរំលោភយកដីរដ្ឋដែរ។ ចំពោះការពិន័យពលរដ្ឋគឺគួរពិនិត្យស្ថានភាពជាក់ស្ដែង បើតិចតួចទេ គួរត្រឹមព្រមាន ឬកិច្ចសន្យាបានហើយកុំពិន័យជាប្រាក់ ព្រោះគាត់ជាអ្នកក្រគ្មានប្រាក់បង់ទេ»។លោក ឃឹម ហ្វីណង់ នៅថ្ងៃទី ១០ កុម្ភៈ បានចុះទៅស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកនៅទីតាំងខាងលើដោយប្ដេជ្ញាទប់ស្កាត់សកម្មភាពកាប់ព្រៃកោងកាង លិចទឹក និងព្រៃក្បាលជប់ដោយខុសច្បាប់ រំលោភយកដីធ្វើជាកម្មសិទ្ធិ។ លោកថា នឹងមិនអនុញ្ញាតឲ្យមានអំពើបំពានច្បាប់តាមរយៈសកម្មភាពឈូសឆាយកាប់ព្រៃបែបនេះជាដាច់ខាត៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ