( ដោយTNCកំពង់ស្ពឺ) ក្រុមគ្រួសារជនរងគ្រោះ បានអះអាងកាលពីព្រឹកថ្ងៃចន្ទថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣ គ្រឿង បុកគ្នាបណ្ដាលឲ្យផ្ទុះឆេះស្លាប់ និងរបួសមនុស្សជាង ១០ នាក់ នៅខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុននេះ គឺពិតជាបង្កឡើងពីខាងភាគីរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ និងទាមទារឲ្យក្រុមហ៊ុននេះ ផ្ដល់សំណងជំងឺចិត្តដល់ពួកគេ ដើម្បីព្យាបាលរបួស និងធ្វើបុណ្យជូនសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេដែលបានស្លាប់ទៅផងដែរ។អ្នកស្រី ឈួន កវី អាយុ ៤៣ ឆ្នាំ ជាជនរងគ្រោះម្នាក់ មានទីលំនៅភូមិកំចាយមារខាងត្បូង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា នៅរសៀលថ្ងៃកើតហេតុ គាត់ និងប្ដីរបស់គាត់ឈ្មោះ សូត្រ វ៉ា អាយុ ៤៦ ឆ្នាំ និងកូនស្រីម្នាក់ទៀតឈ្មោះ វ៉ា រចនា អាយុ ១៦ ឆ្នាំ បាននាំគ្នាជិះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានចាកចេញមកធ្វើការងារជាកម្មករសំណង់អស់រយៈពេលជាច្រើនខែនៅក្រុងព្រះសីហនុ។អ្នកស្រីថ្លែងថា៖ «ការពិតទៅរថយន្តដែលពួកយើងជិះ ជាអ្នកបង្កហេតុ ព្រោះអ្នកបើកបរគាត់បានបើកបំពានខ្សែគំនូសចរាចរណ៍ឆ្លងចូលគន្លងផ្លូវម្ខាងទៀត ហើយត្រូវរថយន្តដឹកទំនិញ ១ គ្រឿង ដែលបើកបញ្ច្រាសគ្នាពីកើតទៅលិច បុកកៀរយ៉ាងពេញទំហឹង បណ្ដាលឲ្យប្ដីរបស់ខ្ញុំ និងអ្នកដទៃទៀត ដែលអង្គុយកៅអីផ្នែកខាងប៉ះទង្គិចនោះ ស្លាប់ និងរបួសជាច្រើននាក់។ បន្ទាប់មករថយន្តដឹកទំនិញនោះបានទៅបុករថយន្ត ១ គ្រឿង បណ្ដាលឲ្យផ្ទុះឆេះ និងស្លាប់មនុស្សជាច្រើននាក់ថែមទៀត»។ អ្នកស្រី កវី ដែលបានរងរបួសស្រាលនៅក្នុងហេតុការណ៍នោះ បាននិយាយបន្តថា គាត់ត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅដាក់គ្លីនិកឯកជនមួយឈ្មោះ «តារ៉ន» ក្នុងទីរួមខេត្តកំពង់ស្ពឺ ជាទីដែលគាត់ត្រូវបានចំណាយប្រាក់ចំនួន ១២០ ដុល្លារ ទៅលើថ្លៃព្យាបាលរបួស ដែលគ្រាន់តែព្យួរសេរ៉ូម ១ កំប្លោកតូច និងចាក់ថ្នាំបំបាត់ការឈឺចាប់ ២ ម្ជុល។ ក្រោយមានសភាពធូរស្រាលបន្តិច គាត់បានចាកចេញពីគ្លីនិកនោះ ត្រឡប់មកកន្លែងកើតហេតុ ហើយឃើញកូនស្រីរបស់គាត់កំពុងអង្គុយយំឱបសពឪពុករបស់នាង។ នៅទីនោះ គាត់ និងកូនស្រីបានសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដឹកសពប្ដីរបស់គាត់ទៅផ្ទះនៅឯស្រុកកំចាយមារ ខេត្តព្រៃវែង តែគ្មានមន្ត្រី ឬបុគ្គលិកសុខាភិបាលណាម្នាក់ឆ្លើយតបនឹងសំណើរបស់គាត់ទេ។ អ្នកស្រី ថ្លែងថា៖ «ខ្ញុំមិនដឹងថាបុរសនោះ គាត់ជាមន្ត្រីផ្នែកអ្វីនោះទេ គាត់បានប្រាប់ខ្ញុំថា ខាងរថយន្តសាមុយគេទារ ១ ០០០ ដុល្លារ បើសិនជាចង់ឲ្យពួកគេដឹកសពប្ដីរបស់ខ្ញុំទៅធ្វើបុណ្យនៅឯស្រុកកំណើត។ តែខ្ញុំគ្មានលុយច្រើនបែបនោះទេ។ ខ្ញុំសុំឲ្យគេជួយដឹកសពប្ដីរបស់ខ្ញុំទៅកាន់វត្តត្រែងត្រយឹង ដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីកន្លែងកើតហេតុ ដើម្បីរៀបចំពិធីបូជាសព ប៉ុន្តែអ្នកបើកបររថយន្តសាមុយនោះ បានទារថ្លៃដឹកជញ្ជូន ៧០ ដុល្លារ តែខ្ញុំ និងកូនព្រមទាំងអ្នកភូមិក្នុងតំបន់នោះបានជួយអង្វរ និងចេញថ្លៃត្រឹម ៥០ ដុល្លារទៅឲ្យគេ»។ អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំជាគ្រួសារក្រីក្រ ដូច្នេះខ្ញុំសង្ឃឹមថា អាជ្ញាធរនឹងជួយអន្តរាគមន៍ទាមទារឲ្យភាគីក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរវីរៈប៊ុនថាំ ផ្ដល់សំណងខ្លះ»។លោក តាប់ លន ស្នងការរងទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ចរាចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សមត្ថកិច្ចកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។ យោងតាមការចុះពិនិត្យអង្កេត និងប្រមូលភ័ស្ដុតាងនៅកន្លែងកើតហេតុរួចមក ក្រុមមន្ត្រីជំនាញ បានធ្វើការវាយតម្លៃថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីរថយន្តដឹកអ្នកដំណើរវីរ់ៈប៊ុនថាំ ដែលបានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងខ្វះការប្រុងប្រយ័ត្ន។លោក លន ថ្លែងថា៖ «នៅពេលនេះ ភាគីខាងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ បានចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ និងមានការធានាអះអាងថា នឹងផ្ដល់សំណងទៅតាមផ្លូវច្បាប់ដល់ជនរងគ្រោះដែលជិះរថយន្តរបស់ក្រុមហ៊ុន»។ លោក ឡុង ណាផល ប្រធានរដ្ឋបាលទូទៅនៃក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរវីរៈប៊ុនថាំបានឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយដែលជាដៃគូរបស់ក្រុមហ៊ុនលោកកំពុងធ្វើការសិក្សាផ្ទៀងផ្ទាត់របាយការណ៍ព័ត៌មានស្ដីពីការវាយតម្លៃជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ។លោកបន្តថា៖ «ក្រុមហ៊ុនដៃគូរបស់យើងនឹងធ្វើការទូទាត់សំណងដល់ជនរងគ្រោះទៅតាមនីតិវិធីច្បាប់»៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ